បាត់ដំបងជាខេត្តចំណាស់មួយរបស់កម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យ និងល្បីឈ្មោះជាខេត្តផលិតស្រូវលេខមួយរបស់ប្រទេស។ ខេត្តនេះក៍សំបូរកន្លែងទស្សនាយ៉ាងច្រើន មិនចាញ់ខេត្តដទៃទេ តែមិនទាន់ក្លាយជាគោលដៅទេសចរណ៍ចម្បងដូចខេត្តសៀមរាប រឺកំពតទេ។ តែយ៉ាងណា ការរៀបចំទស្សនាចរណ៍នៅក្នុងខេត្តកំពុងត្រូវបានរៀបចំឲ្យបានល្អប្រសើរគួរឲ្យសរសើរ។បើយើងនិយាយពីក្រុងបាត់ដំបងវិញ វាជាក្រុងចំណាស់មួយស្ទើរតែថាល្អដាច់ជាងគេក្នុងចំណោមក្រុងទាំងអស់ដែលបានជាប់ឈ្មោះជាទីក្រុងស្អាតជាច្រើនដង ទាំងលំដាប់ថ្នាក់ជាតិ និង អន្តរជាតិ។ តោះយើងមកមើលកន្លែងទស្សនាកំសាន្តមួយចំនួនដែលយើងអាចដើរមើលបាន ពេលដែលយើងស្នាក់នៅក្រុងបាត់ដំបង ហើយចង់ធ្វើដំណើរដោយម៉ូតូជួល។
១ សាលាខេត្តបាត់ដំបង
អាគារសាលាខេត្តបាត់ដំបង ជាកន្លែងដែលទេសចរគួរទស្សនាដំបូង និងមិនអាចខានបាន។ អាគារនេះធ្លាប់ជាផ្ទៈរបស់ស្តេចត្រាញ់មួយរូបគឺលោកម្ចាស់កថាថនឈុំ តាំងពីសម័យខេត្តនេះស្ថិតនៅក្រោមការត្រួតត្រារបស់សៀមមកម្លេះ។ មកដល់សព្វថ្ងៃ ទីតាំងនេះជាសាលាខេត្តបាត់ដំបង និង ជាទើបតែរៀបចំឲ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រទៀតផង។
២ ស្ពានថ្មស្ទឹងសង្កែ
ស្ថិតនៅទល់មុខនឹងអាគារសាលាខេត្តនេះតែម្តង យើងឃើញមានស្ពានថ្មមួយកាត់ស្ទឹងសង្កែ ដែលយើងអាចត្រឹមតែដើរឆ្លងកាត់តែប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅស្ពាននេះ គឺរូប
ចំលាក់តោថ្មពីរនៅក្បាលស្ពានដែលយើងបានធ្លាប់ស្គាល់តាមរយៈបទចម្រៀងកាលពីដើម។
៣ ឡួរី ជើងភ្នំបាណន់
ជិះម៉តូលេងៗប្រមាណ៣០នាទីពីក្រុង យើងអាចទៅដល់កន្លែងទេសចរថ្មីមួយហៅថាឡូរី ជើងភ្នំបាណន់ ។ យើងធ្លាប់ដឹងថា ឡូរីគេជិះលើផ្លូវរថភ្លើង តែកន្លែងនេះគឺជាកន្លែងសាងសង់ថ្មីដែលសម្រាប់តែការជិះឡូរីនេះតែប៉ុណ្ណោះ មានន័យថាយើងនឹងមិនជិះជួបជាមួយរថភ្លើងឡើយ ដែលនេះជាសុវត្ថិភាពរបស់ទេសចរគ្រប់រូប។ តម្លែភ្ញៀវជាតិម្នាក់គឺ១០០០០រៀល ដែលយើងអាចជិះមួយជុំទៅវិញទៅមកប្រមាណ៤០នាទី។ អ្វីដែលសំខាន់នោះគឺ ពេលជិះទៅ យើងនឹងទៅដល់កន្លែងមួយដែលរៀបចំឲ្យមានទេសភាពជើងភ្នំដ៍ខៀវខ្ចីដែលធ្វើឲ្យយើងចង់ថតរូប មិនចង់ទម្លាក់កាមេរ៉ានោះទេ។
៤ ប្រាសាទភ្នំបាណន់
ជិះម៉ូតូទៅតែមួយផ្លូវ យើងមិនត្រឹមតែទៅជិះឡូរីទេ តែទៅទស្សនាប្រាសាទភ្នំបាណន់ ដែលយើងធ្លាប់ស្គាល់នៅក្នុងរឿងព្រេងដែលធ្លាប់រៀបតាំងពីតូច។ ឡើងតាមជណ្តើរប្រមាណ ៣៥០កាំ យើងអាចទៅដល់ប្រាសាទប្រាង្គប្រាំ ដែលមានសម្រស់ស្អាតមិនធម្មតា អមនឹងដើមឈើតូចធំ និងទេសភាពវាលស្រែជុំវិញ។ នៅជើងភ្នំហ្នឹងមិនចេះខ្វះអីញុាំទេ ដោយសារមានភោជនីយដ្ធានជាច្រើនរៀបចំកញ្ជុះនៅមាត់ទឹក និងលក់បាយម្ហូបដែលល្អបំផុតសម្រាប់បាយថ្ងៃត្រង់បន្ទាប់ពីជិះឡូរីរួច។
៥ ចំការទំពាំងបាយជូរ
មុននឹងទៅដល់ភ្នំបាណន់ យើងគួរឈៀងចូលចំការទំពាំងបាយជូរ ដែលនៅតាមផ្លូវជាមួយគ្នាសោះហ្នឹង ចឹងបានគេគេហៅចំការទំពាំងបាយជូរបាណន់។ នៅហ្នឹងយើងអាចចូលសម្រាកបន្តិច ថតរូប និងភ្លក់ស្រា និងទឹកទំពាំងបាយជូរដែលឆ្ងាញ់ហើយគ្រឿងកំប៉ុងដែលយើងញុាំមិនអាចប្រៀបផ្ទឹមបាននោះទេ។
៦ ភ្នំសំពៅ
មិនបាច់និយាយទេថាអ្នកមិនដែលលឺឈ្មោះភ្នំសំពៅ យ៉ាងហោយណាស់ក៍ចេះច្រៀង ផ្ទះអើយ ផ្ទះអូនក្បែរភ្នំសំពៅ ដែរ។ បើយើងទៅលេងភ្នំសំពៅ យើងគ្រាន់តែធ្វើដំណើរ ប្រមាណ៣០នាទី ពីភ្នំបាណន់។ ភ្នំនេះស្រស់ស្អាតដោយសាររូបរៀងរបស់ភ្នំនេះ សំណាង់សាសនាស្អាតៗ និងទេសភាពភូមិស្ថាន រួមទាំងវាលស្រែវាលស្រូវដ៍ស្រស់បំព្រង។ យើងអាចឡើងលើកំពូលភ្នំបានយ៉ាងស្រួល ដោសសារមានផ្លូវឡានម៉ូតូឡើងដល់ ហើយពេលជិះម៉ូតូឡើងសប្បាយដូចជិះរ៉ូឡី ខសស្ទឺចឹង។ មុនទីដល់កំពូលភ្នំ កុំភ្លេចចូលល្អាងតែងខ្លួនពួកចាក់គម្ពីនៅល្អាងផ្កាស្លា។
យើងអាចទៅលេងភ្នំនេះពេលព្រឹក ហើយទៅបាណន់ជិះឡូរីពេលល្ងាច។ តែបើល្អបំផុត យើងគួរទៅបាណន់ពេលព្រឹក ហើយមកភ្នំសំពៅពេលល្ងាចវិញ ដោយសារបន្ទាប់ឡើងលេងភ្នំ យើងអាចចុះមកវិញចំមើលប្រចៀវរាប់ពាន់មុឺនក្បាលចេញពីល្អាង ធ្វើដំណើរទៅណាក៍មិនដឹង តែដឹងត្រឹមថាពេលព្រឹកបានពួកវាចូលល្អាងវិញ។
៧ ប្រាសាទវត្តឯកភ្នំ
កន្លែងមួយនេះដែលគួរទស្សនាឲ្យខានតែបាន គឺប្រាសាទវត្តឯកភ្នំ។ ជាប្រាសាទភ្នំមួយ ឯកភ្នំ ត្រូវបានសាសង់នៅសតវត្សទី១១ ដែលមានរាងតូចច្រឡឹងស្អាត និងមានទេសភាពខៀវស្រងាត់គួរជាទីគយគន់ជាពន់ពេក។
៨ ផ្ទះបុរាណលោកស្រីប៊ុនរឿង
ឆ្នាំ២០២០ខាងមុខនេះ នឹងជាគម្រប់ខួប១០០ឆ្នាំ នៃផ្ទះបុរាណរបស់លោកស្រី ប៊ុនរឿង។ ផ្ទះនេះសាងសង់ដោយលោកឧកញ៉ាដែលជាមេទ័ព ក្នុងសម័យហ្លូងសុីសុវត្ថិ ក្នុងឆ្នាំ១៩២០ ដែលតមកលោកប្រគល់ឲ្យកូនស្រីម្នាក់ដែលជាម្តាយឪពុករបស់លោកស្រី ប៊ុនរឿងដែលជាម្ចាស់ផ្ទៈសព្វថ្ងៃ។ កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ ផ្ទះនេះជាកន្លែងឃ្លាំងដាល់អំបិល និងរោងបានសមូហភាព។
៩ វត្តបុរាណ
យើងមិនដឹងទេថាតើបាត់ដំបងជាខេត្តដែលមានវត្តច្រើនជាងគេរីយ៉ាងណា ហើយសំខាន់សុទ្ធតែជាវត្តចំណាស់សុទ្ធតែបេតិកភណ្ឌជាតិ។ វត្តដែលមានវ័យចំណាស់ជាងគេគឺវត្ត សំរោងក្នុង ដែលមានព្រះវិហារមានអាយុកាលច្រើនជាង៣០០ឆ្នាំ រួមទាំងចេតិយចំណាស់មួយដែលយើងមិនធ្លាប់ឃើញនៅឯណាទៀតនេះក្នុងប្រទេសយើង។ ទីតាំងវត្តនេះក៍ធ្លាប់ជាកន្លែងវាលពិឃាតកាលពីសម័យខ្មែរក្រហមផងដែរ។ ក្រៅពីនេះ យើងអាចទស្សនាវត្តចំណាស់ស្ងាតៗដទៃទៀតដូចជា វត្តដំរីស វត្តសង្កែ ជាដើម។
១០ ដើរជុំវិញក្រុង
ដូចដែលដឹងចឹង ក្រុងបាត់ដំបងល្បីស្អាតដោយសារតែសំណង់អាគារបុរាណតាំងពីសម័យអាណានិគម។ យើងអាចចូលមើលកន្លែងផ្សេងៗដូចជា ផ្សារណាត់ ធនាគារជាតិ និងហាងផ្សេងៗ ដែលរក្សាទុកម៉ូតផ្ទះចំណាស់ ដែលអាចឲ្យក្រុងនេះក្លាយជាក្រុងស្អាតគម្រូ។ ក្រៅពីនេះយើងអាចថតរូបនៅផ្លូវរថភ្លើងព្រោះជិះទៅណាក៍ជួបដែរនៅបាត់ដំបង។
អ្នកមិនទាន់បានទៅលេងបាត់ដំបងម្តងហាស កុំទាន់វាយតម្លៃថាខេត្តនេះអត់មានអីមើល អត់មានអីលេង។ នេះត្រឹមតែម្តុំខេត្ត ជួលម៉ូតូមួយថ្ងៃ៧ដុល្លាផង នៅដើរមើលស្ទើរមិនសព្វ។ ទម្រាំបានទៅកន្លែងឆ្ងាយដូចជា អាងកំពីងពួយ សេកសក សំឡូត អីទៀតមិនដឹងយ៉ាងណា។ ដំណើរកំសាន្តសារក្រោយហ្នឹង បាត់ដំបងទៅណប់៕













Comments
Post a Comment