ដោយ៖ សែ ហ៊សេង
សាកលភាវូបនីយកម្មតម្រូវឲ្យមនុស្សជាច្រើនជំពូកមានជំនាញក្នុងការប្រាស្រ័យទាក់ទងក្នុងបរិបទអន្តរវប្បធម៌។
ជាទូទៅ អ្នកដែលចង់ប្រាស្រ័យទាក់ទងល្អក្នុងអន្តរវប្បធម៌គួរតែមានជំនាញបីសំខាន់ដូចជា៖
- ភាសាដែលជាមូលដ្ឋានគ្រឹះនៃការប្រាស្រ័យទាក់ទង
- ការយល់ថាវប្បធម៌ផ្សេងគ្នា តែងមានលក្ខណៈផ្សេងគ្នានៃប្រពៃណី សីលធម៌ និងផ្នត់គំនិតជាដើម
- ឆន្ទៈក្នុងការទទួលយកភាពខុសគ្នាទាំងអស់នោះ។
ចំពោះចំណុចទីមួយ និង ទីពីរគឺពិតណាស់
យើងអាចរៀនបានយ៉ាងងាយស្រួល។ ដោយឡែកឆន្ទៈជាចំណុចមួយដែលយើងត្រូវស្វែងយល់
និងហ្វឹកហាត់ជាប្រចាំទើបអាចមានវាបាន។
កាលពីនៅក្មេងជាងនេះ
ខ្ញុំសឹងតែមិនហ៊ានទទួលស្គាល់ខ្លួនឯង និងមិនមានភាពជឿជាក់លើខ្លួនឯងនោះទេ។ ដូចច្នេះ
តើខ្ញុំនឹងទៅទទួលយកភាពខុសគ្នារបស់អ្នកដទៃបានយ៉ាងដូចម្តេចទៅ?
ឆ្នាំ២០១១ ជាឆ្នាំដំបូងដែលខ្ញុំបានមើលការប្រកួតបវរកញ្ញាចក្រវាឡជាលើកដំបូង
ហើយឆ្នាំនោះ អ្នកដែលទទួលបានជ័យជម្នះ គឺកញ្ញាមកពីប្រទេសអង់ហ្គោឡា ដែលគាត់មានស្បែកខ្មៅ។
ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមរៀនយល់ថាការដែលខុសគ្នា
រឺខុសពីគេមិនមែនជារឿងអាក្រក់នោះទេ។
ការតាមដានការប្រកួតបវរកញ្ញាអន្តរជាតិបានធ្វើឲ្យខ្ញុំយល់ថាភាពចម្រុះ និងភាពខុសគ្នាមើលទៅពិតជាស្រស់ស្អាតណាស់។
ការរៀនស្គាល់ពីភាពខុសគ្នា
និងដឹងពីភាពខុសគ្នាគឺមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំ
រហូតដល់ខ្ញុំមានឪកាសបានប្រឡូកក្នុងជិវិតដែលពោរពេញទៅដោយវប្បធម៌ចម្រុះ។
វាគឺជាពេលដែលខ្ញុំបានទៅសិក្សានៅប្រទេសប៉ូឡូញ ដែលខ្ញុំបានជួបមិត្តភក្តិជាច្រើនមកពីប្រទេសផ្សេងៗជាច្រើន។
តើធ្វើដូចម្តេចទើបអាចរៀនទទួលស្គាល់ភាពខុសគ្នាបាន?
ការដែលរៀនទទួលស្គាល់ពីភាពខុសគ្នាទាមទារឲ្យយើងហ្វឹកហាត់ធ្វើ និងយកខ្លួនយើងទៅពាក់ព័ន្ធជាមួយវាជាប្រចាំ។ តើយើងត្រូវដូចម្តេចខ្លះដើម្បីអាចទទួលស្គាល់ពីភាពខុសគ្នា?
- ទទួលស្គាល់ខ្លួនឯងៈ ការដែលយើងរិះគន់អ្នកដទៃ គឺជាទូទៅមកពីយើងរិះគន់ខ្លួនឯងច្រើនពេក។ ដូចច្នេះ នៅពេលយើងឈប់ដាក់សំពាធលើខ្លួនឯង នោះយើងក៍ព្យាយាមមិនដាក់សំពាធ ហើយមិនវាយតម្លៃអ្នកដទៃខ្លាំងពេកដែរ។
- ត្រូវចេះអត់ធ្មត់នឹងអ្វីដែលខុសពីខ្លួនពីយើងៈ នេះមានន័យថាយើងត្រូវរៀនរស់ជាមួយមនុស្សដែលមានចរិកខុសពីយើង រឺអ្នកដែលមានវប្បធម៌ខុសគ្នា។ ការដែលសាកល្បងអាហារបរទេស រឺធ្វើអ្វីដែលទាក់ទងវប្បធម៌ដទៃ ក៍ជាឩទាហរណ៍មួយក្នុងចំណុចនេះដែរ។
- គោរពគោលការណ៍ច្បាប់មាស Golden Rule: គោលការណ៍នេះមានន័យថា យើងគួរប្រព្រឹត្ដចំពោះអ្នកដទៃតាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តមកលើយើងដូចគ្នាដែរ។
- តែងតែត្រៀមខ្លួនដើម្បីស្តាប់:នេះសម្តៅទៅលើ ការចំណាយពេលស្តាប់យោបល់របស់អ្នកដទៃនៅពេលពួកគេបញ្ចេញមតិ។ ការស្តាប់យោបល់របស់អ្នកដទៃ មិនមែនមានន័យថាអ្នកត្រូវតែយល់ស្របនឹងទស្សនៈរបស់គេនោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងអាចព្យាយាមរកចំណុចល្អរបស់គេបាន។
ហេតុអ្វីយើងត្រូវរៀនទទួលស្គាល់ពីភាពខុសគ្នា?
- អ្នកនឹងរៀនសូត្របានកាន់តែច្រើនពីពិភពលោកខាងក្រៅនិងអំពីខ្លួនអ្នកផ្ទាល់ ព្រោះអ្នករាល់គ្នាដែលយើងបានជួបនឹងអាចបង្រៀនយើងនូវអ្វីដែលថ្មីៗ ដែលយើងមិនធ្លាប់ដឹងពីមុន។
- វានឹងបើកឳកាសដល់អ្នកក្នុងការធ្វើការងារ និងការធ្វើដំណើរទៅបរទេស។
- អ្នកនឹងអាចមានអារម្មណ៍ល្អប្រសើរនៅពេលដែលអ្នកមិនសូវចំណាយពេលរបស់អ្នកសម្រាប់គិតថាភាពខុសគ្នាជារឿងអវិជ្ជមាន ស្អប់ខ្ពើមវា ហើយទាមទារឲ្យអ្វីៗគ្រប់យ៉ាងដូចអ្វីដែលអ្នកចង់បាន។
- អ្នកអាចជួយឲ្យពិភពលោកស្រស់បំព្រងគួរឲ្យចង់រស់នៅ នៅពេលដែលយើងចេះអត់ធ្មន់ យោគយល់ និងទទួលស្គាល់គ្នា។
វីល្លៀម ហ្សេកស្ពៀរ បាននិយាយថាគ្មានអ្វីល្អ
រឺអាក្រក់នោះទេ ប៉ុន្តែវាគ្រាន់តែការគិតរបស់យើងប៉ុណ្ណោះដែលកំណត់។ មានភាពខុសគ្នាពីយើងជាច្រើនដែលត្រូវបានចាត់ទុកថាមិនសូវល្អ។
ក៍ប៉ុន្តែយ៉ាងណា យើងក៍នៅតែត្រូវទទួលស្គាល់ការពិត។ យើងអាចមិនចូលចិត្តវា ក៍ប៉ុន្តែ
ពេលខ្លះការទទួលស្កាល់ការពិតអាចជួយឲ្យស្ថានភាពប្រសើរឡើង។
https://www.facebook.com/shares/view/?av=100003541692069
https://www.facebook.com/shares/view/?av=100003541692069


Comments
Post a Comment